ប្រាក់ការងារបន្ថែមម៉ោង

តើអ្នកទទួលបានកំរៃលើការងារបន្ថែមម៉ោងរបស់អ្នកនៅកន្លែងធ្វើការនៅកម្ពុជាដែររឺទេ?

តើអ្នកកំពុងតែធ្វើការច្រើនម៉ោងជាងមុនដែរឬទេ? សូមស្វែងយល់បន្ថែមអំពីសិទ្ធិនិងប្រាក់ការងារបន្ថែម​ម៉ោងដូចខាងក្រោម ។​

តើប្រាក់ការងារបន្ថែមម៉ោងជាអ្វី ?

ប្រាក់ការងារបន្ថែមម៉ោងគឺជា ប្រាក់ទូទាត់ដល់បុគ្គលិកនិយោជិត សម្រាប់ពេលវេលាធ្វើការលើចំនួន ម៉ោងធ្វើ​ការ​ធម្មតា ។ ច្បាប់ស្តីពីការងារ​នៃ​ប្រទេសកម្ពុជាអនុញ្ញាតការងារបន្ថែមម៉ោងអតិបរមា២ម៉ោងក្នុងមួយថ្ងៃ ។

តើប្រាក់ការងារបន្ថែមម៉ោងត្រូវបានគណនាយ៉ាងដូចម្តេច ?

ប្រាក់ការងារបន្ថែមម៉ោងត្រូវបានគណនាដោយ យកអត្រាប្រាក់ឈ្នួលតាមម៉ោងគុណនឹងអត្រាបន្ថែមម៉ោង ។​ អត្រាបន្ថែមម៉ោងខុសគ្នាទៅ​តាមពេល​វេលាធ្វើការ ដូចត្រូវបានបង្ហាញដូចខាងក្រោម ។

ពេលវេលាធ្វើការ អត្រាប្រាក់ឈ្នួល
ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ (មិនមែនការងារពេលយប់) ៥០%
ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ (ការងារពេលយប់) ១០០%
ថ្ងៃអាទិត្យ និង ថ្ថៃបុណ្យសាធារណៈ ១០០%

ឧទាហរណ៍

ស៊ីណាធ្វើការផ្នែកដេរ ហើយទទួលបានប្រាក់ឈ្នួលគោលចំនួន៦១ដុល្លារក្នុងមួយខែ ។ ខែមួយនោះ​និយោជក​មានការងារធ្វើច្រើនណាស់ ហើយសុំឳ្យស៊ីណាធ្វើការ១០ម៉ោងបន្ថែមក្នុងខែនោះ ។ ប្រាក់​ឈ្នួល​បន្ថែមរបស់ស៊ីណាទទួលបានពីការធ្វើការងារបន្ថែមម៉ោងត្រូវបានគណនា៖​​ អត្រាប្រាក់ឈ្នួល ប្រចាំម៉ោង x អត្រាបន្ថែមម៉ោង x ចំនួនម៉ោងការងារបន្ថែមម៉ោង ។ សម្រាប់ស៊ីណា អត្រាប្រាក់ឈ្នួលប្រចាំម៉ោងរបស់នាងគឺ ០.២៩ដុល្លារ (=៦១ដុល្លារក្នុងមួយខែ / ២០៨ ពេញម៉ោងក្នុងមួយខែ) ។ អត្រាបន្ថែមម៉ោងតាមច្បាប់សម្រាប់ការងារក្នុងថ្ថៃធម្មតាគឺ ៥០% ។ នាងធ្វើ ការថែម១០ម៉ោង ។ ដាក់ព័ត៌មានទាំងអស់នេះបញ្ចូលគ្នា ប្រាក់ឈ្នួលបន្ថែមម៉ោងសម្រាប់ស៊ីណាគឺ ១.៤៥ដុល្លារ (=០.២៩ x ៥០% x ១០ម៉ោង) ។

ប្រសិនបើការងារថែមម៉ោងត្រូវបានធ្វើនៅពេលយប់ ឬ នៅថ្ងៃអាទិត្យ អត្រាដែលត្រូវបានប្រើប្រាស់ក្នុង ការគិតថ្លៃឈ្នួល គួរតែស្មើនឹង១០០% ជំនួសឳ្យ៥០% ។

ចុះបើខ្ញុំជាកម្មករនិយោជិតធ្វើការតាមបរិមាណផលិតផល តើខ្ញុំនៅតែទទួលបានប្រាក់ឈ្នួលការងារ បន្ថែមម៉ោងដែរឬទេ ?

អត្រាបន្ថែមម៉ោងត្រូវតែត្រូវបានអនុវត្តន៍ ចំពោះកម្មករនិយោជិតធ្វើការតាមបរិមាណផលិតផល ដែល ធ្វើ​ការបន្ថែមម៉ោង ។ មានន័យថា កម្មករនិយោជិតធ្វើការតាមបរិមាណផលិតផលគួរតែទទួលបានការ​ទូទាត់៥០%បន្ថែម សម្រាប់ការងារដែលពួកគេធ្វើក្នុងម៉ោងបន្ថែមធម្មតា និង ១០០% សម្រាប់ម៉ោង​បន្ថែមនៅពេលយប់ ថ្ងៃអាទិត្យ ឬ ថ្ងៃបុណ្យសាធារណៈ ។

ឧទាហរណ៍​​​៖

វ៉ាន់ធ្វើការក្នុងផ្នែកដេរ និង ទទួលបានអត្រាបរិមាណផលិតផល ០.៧០ដុល្លារក្នុងមួយសបុត្រ ។ ខែមួយ និយោជកមានការត្រូវធ្វើច្រើនណាស់ ហើយ​សុំ​ឳ្យវ៉ាន់ធ្វើការ១០ម៉ោងបន្ថែមក្នុងខែនោះ ។ វ៉ាន់ធ្វើបាន ១០០​សំបុត្រក្នុងខែនោះ ដែលធ្វើឳ្យនាងមានសិទ្ធិទទួលបាន៧០ដុល្លារ (តាមអត្រាបរិមាណ​ផលិតផល ០.៧០ដុល្លារក្នុងមួយសបុត្រ) ។​ ក៏ប៉ុន្តែ វ៉ាន់មានសិទ្ធិបើកប្រាកឈ្នួលក្នុងអត្រាខ្ពស់ជាង (១៥០%) សម្រាប់ការងារបន្ថែម១០ម៉ោង ។ ប្រាក់​ឈ្នួល​​បន្ថែមរបស់វ៉ាន់បានពីការងារបន្ថែមម៉ោងត្រូវបានគណនា​​​៖ អត្រាប្រាក់ឈ្នួលតាមម៉ោង x អត្រាបន្ថែមម៉ោង x ចំនួនម៉ោងធ្វើការបន្ថែមម៉ោង ។

សម្រាប់វ៉ាន់ អត្រាប្រាក់ឈ្នួលតាមម៉ោងគឺ ០.៣២ដុល្លារ (៧០ដុល្លារក្នុងមួយខែ / ២១៨ម៉ោងសរុបដែល ធ្វើការក្នុងខែ​នោះ) ។ អត្រាបន្ថែមម៉ោង​តាម​ច្បាប់សម្រាប់ថ្ងៃធម្មតាគឺ ៥០% ។ នាងធ្វើការ១០ម៉ោង បន្ថែម​ក្នុងខែនោះ ។ ដូចនេះ ប្រាក់ឈ្នួលបន្ថែមរបស់នាង សម្រាប់ការងារបន្ថែមម៉ោងគឺ ១.៦០ដុល្លារ (=០.៣២ x​ ៥០% x​ ១០ម៉ោង) ។

ប្រសិនបើការងារថែមម៉ោងត្រូវបានធ្វើនៅពេលយប់ ឬ នៅថ្ងៃអាទិត្យ អត្រាដែលត្រូវបានប្រើប្រាស់ក្នុង ការគិតថ្លៃឈ្នួល គួរតែស្មើនឹង១០០% ជំនួស​ឳ្យ៥០% ។

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!
Cite this page: © WageIndicator 2017 - Km.Prake.org - ប្រាក់ការងារបន្ថែមម៉ោង