កិច្ចព្រមព្រៀងអនុសញ្ញារួម
រវាង
ក្រុមហ៊ុន ដារ៉ុង ព្រីនអែន អ៊ីនប្រាយដីរី
និង
សហជីពប្រជាធិបតេយ្យកម្មកររោងចក្រ ដារ៉ុង ព្រីនអែន អ៊ីនប្រាយដីរី

រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

I. សេចក្តីផ្តើម

អនុសញ្ញារួមគឺជាកិច្ចព្រមព្រៀងជាលាយល័ក្ខណ៍អក្សរ រវាងសហជីពកម្មករនិយោជិត និងនិយោជក ក្នុងគោល​បំណងកសាងទំនាក់ទំនងល្អ និងជាដៃគូរធ្វើការងារល្អ រវាង​សហជីពកម្មករនិយោជិត និងនិយោជកលើកកម្ពស់ លក្ខខ័ណ្ឌការងារ គោរពច្បាប់​ការគោរពវិន័យ និងការទទួលខុសត្រូវក្នុងការងារ ។ ជាងនេះទៅទៀត អនុសញ្ញារួម សំដៅលើកម្ពស់ប្រសិទ្ធភាពការងារ និងកិត្តិនាមរបស់ក្រុមហ៊ុនព្រមទាំង ការពារជម្លោះការងារនានា ដែលអាចកើតមាននៅ ពេលអនាគត​​ ដោយរក្សាការពារផលប្រយោជន៍ភាគីទាំងសងខាង។
សហជីព និងក្រុមហ៊ុននឹងចរចាដោយភាពស្មោះត្រង់ និងគោរពទៅតាមនីតិវិធី​នៃការចរចាដែលបានព្រមព្រៀង និងចុះហត្ថលេខារួចហើយនោះ។
អនុសញ្ញារួមនេះ សរសេរជាភាសាខ្មែរ ករណីអនុសញ្ញារួមនេះ ត្រូវបានបកប្រែជា​ភាសាបរទេស​ណាមួយ ប៉ុន្តែនៅពេល មានការភ័ន្តច្រឡំកើតឡើង ទៅលើអត្តន័យ​នៃ​អនុសញ្ញារួម ត្រូវយកអត្ថបទភាសាខ្មែរ ជាគោលក្នុងការដោះស្រាយ​បញ្ហាជា ផ្លូវការ។

II. ទំហំនៃកិច្ចព្រមព្រៀងអនុសញ្ញារួម

១- សហជីពប្រជាធិបតេយ្យកម្មករនៃរោងចក្រដារ៉ុង ដែលមានទីតាំងនៅ ភូមិ ត្រយឹង ឃុំ ពើក ស្រុកអង្គ​ស្នួល ខេត្ដកណ្ដាល ចាប់ពីពេលនេះតទៅហៅថាភាគី ”សហជីព​“ ឯអ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុនដារ៉ុង ព្រីនអែន អ៊ិមប្រោយដឹរី​(Darong Print & Embroidery) ដែលមានទីតាំងនៅភូមិត្រយឹង ឃុំពើក ស្រុក អង្គស្នួល ខេត្ដ កណ្ដាល ចា​ប់ពី ពេលនេះតទៅហៅថា “ និយោជក ” ។
២- កិច្ចព្រមព្រៀងនេះ យកច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ជាកម្រិតអប្ប​បរមា​​មិន​មាន​ចំណុច ណាមួយត្រូវបានកំណត់ទាបជាងច្បាប់ឡើយ។ រាល់ចំណុចនានា​ដែល​មិនបាន​ចែង​ក្នុងកិច្ចព្រមព្រៀង​​នេះ ត្រូវបានអនុវត្ដ ទៅតាម ច្បាប់ស្ដីពីការងារនៃព្រះរាជា​ណាចក្រ​កម្ពុជា និង អនុសញ្ញាអន្ដរជាតិ ខាងការងារដទៃទៀតដែលពាក់ព័ន្ធ និងទម្លាប់ ដែល​មាន​កន្លង​មក។
៣- កិច្ចព្រមព្រៀងអនុសញ្ញារួមនេះ មិនហាមឃាត់ចំពោះការផ្ដល់អោយអត្ថប្រយោ​ជ​ន៍​ ឬ សិទ្ធិដែលប្រសើរជាង កិច្ចព្រមព្រៀងអនុសញ្ញារួមនេះឡើយ តែមិនអាចអនុវត្ដបានចំពោះអត្ថប្រយោជន៍ ឬ​ សិទ្ធិដែលទាបជាងកិច្ចព្រមព្រៀង អនុសញ្ញារួមនេះ រួមទាំងបទបញ្ញាត្ដិផ្សេងៗ ទៀត។
៤- កម្មករនិយោជិតទាំងអស់ ដែលគ្របដណ្ដប់ដោយ កិច្ចព្រមព្រៀងអនុសញ្ញារួមនេះ នឹង ត្រូវបានផ្ដល់ជូននូវ កិច្ចព្រមព្រៀងអនុសញ្ញារួមនេះ ០១ ច្បាប់ដោយនិយោជិក (បើទោះ​បីជា មានការធ្វើ វិសោធនកម្ម ឬយ៉ាងណាក៏ដោយ) ហើយកិច្ចព្រមព្រៀងអនុសញ្ញារួមនេះ នឹងត្រូវផ្ដល់ជូនទៅកម្មករនិយោជិតថ្មីចាប់តាំងពីចូលបំរើការងារមក។

III. ខ្លឹមសារនៃកិច្ចព្រមព្រៀងអនុសញ្ញារួម

សហជីពប្រជាធិបតេយ្យកម្មករនៃរោងចក្រ ដារ៉ុង និង អ្នកគ្រប់គ្រងក្រុមហ៊ុនរោងចក្រ ដារ៉ុង បានព្រមព្រៀងគ្នា លើប្រការនានាដូចខាងក្រោម :

ប្រការ ១ ៖ ការទទួលស្គាល់សហជីព និង សិទ្ធិសហជីព

១- និយោជក ទទួលស្គាល់សហជីពនេះ ដែលមានភាពជាតំណាងបំផុត និង បានទទួលស្គាល់ ដោយរដ្ឋមន្ដ្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមលិខិតចុះបញ្ជីការលេខ ៨០៤ ក.ក.ប.វ/វក ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០០៥ ដែលជាភាគីតែមួយគត់ មានសិទ្ធិជាតំណាងឲ្យកម្មករនិយោជិត និងធ្វើកិច្ចព្រមព្រៀងនានាជាមួយនិយោជក រួមទាំង អនុសញ្ញារួមដែលគ្របដណ្ដប់ លើក្រុមហ៊ុននេះ ក្រុមហ៊ុន សាខា និងក្រុមហ៊ុន ថ្មីជាសាខានានា ដែលនិយោជក នឹងបង្កើត នាពេលខាងមុខនៅក្នុងប្រទេសកម្ពុជា ។
២- អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ដូចជា អ្នកមានសិទ្ធិជ្រើសរើស បញ្ឈប់ ដាក់ពិន័យ និងព្រមាន​ដល់​កម្មករ និយោជិតមិនអនុញ្ញាតឲ្យចូលជាសមាជិកសហជីព និងមិនគ្រប់​ដណ្ដប់​ដោយ អនុសញ្ញា​​រួមនេះទេ។ រីឯកម្មករ និយោជិត ទាំងអស់នៃក្រុមហ៊ុននេះ ក្រុមហ៊ុនសាខា និងក្រុម​ហ៊ុនថ្មីនានាជាសាខា ហើយដែលនឹងបង្កើតនៅពេល​អនាគតត្រូវគ្រប​ដណ្ដប់ ដោយ​អនុសញ្ញា​រួមនេះ។
៣- មានតែសហជីពនេះមួយគត់ ដែលមានសិទ្ធិ អមកម្មករនិយោជិតពេលមានបញ្ហា វិវាទបុគ្គល ឬវិវាទរួម និងមានសិទ្ធិស៊ើបអង្កេតបណ្ដឹងអំពីកម្មករនិយោជិតទាំងឡាយ​ និងដោះស្រាយវិវាទ ព្រមទាំងដោះស្រាយបណ្ដឹងសារទុក្ខ ដោយត្រឹមត្រូវ និងយកជាផ្លូវការបាន ហើយសហជីព និងនិយោជកត្រូវជួបគ្នានូវរាល់ពេលមានសំណើររបស់ភាគីណាមួយ ដើម្បីពិភាក្សាការងារ និងរក្សាទំនាក់ទំនងការងារល្អរវាងសហជីពនិង និយោជក។
៤- ប្រធាន អនុប្រធាន អគ្គលេខាធិការសហជីព ឬ អ្នកតំណាងដែលចាត់តាំង អាចចូល​​រួមប្រជុំដោះស្រាយ បណ្ដឹងសារទុក្ខ ជាមួយកម្មករនិយោជិត និងនិយោជក រាល់ពេលមានបញ្ហា​ ហើយនិយោជកមិនកាត់ប្រាក់ឈ្នួល ប្រាក់រង្វាន់ ចំពោះប្រធាន អនុប្រធាន អគ្គលេខា​ធិការ​ អគ្គហិរញ្ញិក និងកម្មករនិ​យោ​​ជិតរាល់ពេលប្រជុំដោះស្រាយបណ្ដឹងសារទុក្ខ ។
៥- សហជីព និងនិយោជក នឹងរៀបចំឲ្យមានការប្រជុំដោះស្រាយវិវាទ ឲ្យបានលឿន ដើម្បីបន្ថយឲ្យតិចបំផុតក្នុងការរំខានដល់ សង្វាក់ប្រតិបត្ដិការផលិតកម្មការងារ ។
៦- និយោជកផ្ដល់ពេលវេលាធ្វើការ ៤ម៉ោងក្នុងមួយសប្ដាហ៍ សម្រាប់តំណាងសហជីពនេះបានធ្វើការងារសហជីព និងផ្ដល់ពេលវេលាអោយតំណាងសហជីព ទីប្រឹក្សា និងសមាជិកសហ​​ជីពសម្រាប់ទៅរៀនសូត្រជាមួយអង្គការក្រៅរដ្ឋាភិបាល ឬ សហព័ន្ធសហជីពកម្មករនិយោ​ជិតនានា នៅពេលមានលិខិតអញ្ជើញ ហើយនិយោជកមិនកាត់ប្រាក់ខែ និងប្រាក់រង្វាន់។
៧- សហជីពត្រូវបង្ហាញលិខិតអញ្ជើញ និង ឈ្មោះអ្នកចូលរួម ដល់និយោជកឲ្យបាន ឆាប់តាមដែល អាចធ្វើទៅបានមុនពេលចេញពីធ្វើការងារទៅរៀនសូត្រនានា។
៨-និយោជក ផ្ដល់សិទ្ធិឲ្យតំណាងអង្គការនា សហព័ន្ធសហជីពកម្មករនិយោជិតឬមេធាវី អាចចូលក្នុងក្រុមហ៊ុនបាន ពេលមានការអញ្ជើញ ពីសហជីពដើម្បីផ្ទៀងផ្ទាត់ការអនុវត្ដអនុសញ្ញារួម និងការដោះស្រាយបណ្ដឹងសារទុក្ខ រួមទាំងការអប់រំនានា ក៏ដូចជាការបង្រៀនច្បាប់ការងារជាដើម ឬកិច្ចការផ្សេងៗទៀតរបស់សហជីព។ សហជីពនឹងជូនដំណឹង ដល់និយោជកមុនពេលដែលការអញ្ជើញពីសហជីពនោះ​​​ត្រូវបានធ្វើឡើង។
៩- និយោជកមិនត្រូវជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងសហជីព គម្រាមកំហែង បំភិតបំភ័យ រើសអើង លួងលោម ឬទិញទឹកចិត្ដថ្នាក់ដឹកនាំនិងសមាជិកសហជីពទេ ហើយបើកសិទ្ធិឲ្យ​កម្មករនិយោជិត ជ្រើសរើសថ្នាក់ដឹកនាំសហជីព ដោយសេរី។
១០- និយោជក ផ្តល់បន្ទប់ ១ តុ១ កៅអី៦ ក្ដារខៀនសរសេរ ១ ទូរដាក់ឯកសារ១ សំរាប់បណ្ណាល័យសហជីព ហើយសហជីពនឹងរកសៀវភៅច្បាប់ ឯកសារសុខភាព មកតំកល់ទុក និងរៀបចំសៀវភៅច្បាប់ ឯកសារទាំងនោះ សំរាប់កម្មករនិយោជិតអានពេលម៉ោងទំនេរ។ សហជីពនិងកម្មករនិយោជិតអាចចូលទៅបណ្ណាល័យពេលទំនេរឬពេល ថ្ងៃឈប់សំរាកបាន។
១១- ប្រធាន អនុប្រធាន ឬទីប្រឹក្សា សហជីពយ៉ាងតិច ២ នាក់មានសិទ្ធិ អមកម្មករនិយោជិតពេលចូល ប្រជុំជាមួយក្រសួងឬ ស្ថាប័នផ្សេងៗ ពេលកម្មករនិយោជិតមានរឿងត្រូវដោះស្រាយ ដោយរក្សាទុកប្រាក់ខែនិងប្រាក់រង្វាន់ ឲ្យនៅដដែល។
១២- សហជីពអាចប្រើប្រាស់ សាលអាហារដ្ឋានក្នុងរោងចក្រ យ៉ាងហោចណាស់ ចំនួន ០២ដង ក្នុងមួយខែ សំរាប់ការប្រជុំរបស់ សហជីព ដោយគ្រាន់តែជូនដំណឹងទៅ ផ្នែករដ្ឋបាលរយៈពេល បីថ្ងៃជាមុន។រាល់ការប្រើប្រាស់ ទាំងនេះពុំត្រូវបានគិតថ្លៃទេ។
១៣- និយោជកយល់ព្រមកាត់ប្រាក់ ឈ្នួលកម្មករនិយោជិតដែលជាសមាជិកសហជីព ដើម្បីបង់ចូលភាគទាន សហជីពជារៀងរាល់ខែ ក្នុង១ខែស្មើនឹងមួយពាន់ (១.០០០)រៀលចំពោះសមាជិកម្នាក់់ៗ។ ក្នុងករណី មានការតម្លើងប្រាក់ ភាគទានសហជីព នោះសហជីពត្រូវតែធ្វើលិខិតជូន ដំណឹងជាលាយ​លក្ខណ៍អក្សរ ដល់​និយោជកអំពីការតម្លើង ប្រាក់ភាគទាននេះ។
១៤- និយោជកអាចកាត់ភាគទានទុកឲ្យសហជីព បានតែក្នុងករណី សហជីពបានធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ ពីគណៈកម្មការសហជីពរបស់ខ្លួនប៉ុណ្ណោះ ដោយមានភ្ជាប់មកជាមួយនូវ លិខិតបញ្ជាក់ពីសមាជិករបស់ខ្លួន នូវការយល់ព្រម បង់ភាគទានចូលសហជីព។
១៥- ភាគទានសហជីព ក្រុមហ៊ុននឹងផ្ទេរចូលកុងធនាគាររបស់សហជីព នៅថ្ងៃបន្ទាប់ពីបើកប្រាក់ឈ្នួលជូនកម្មករ និយោជិតរួចមក។

ប្រការ ២ ៖ កិច្ចសន្យាការងារ

ក- កិច្ចសន្យាសាកល្បងមានរយៈពេលមិនលើសពីពីរខែទេ បន្ទាប់មកចូលជា​កម្មករ​ពេញ សីទ្ធិ​​។
ខ- ក្រុមហ៊ុនមិនមានគោលការណ៍ជ្រើសរើសកម្មករកូនជាង និងកម្មករបណ្តែតទេ។ ក្រុមហ៊ុនមានគោលការណ៍ ជ្រើសរើសតែកម្មករសាកល្បងប៉ុណ្ណោះ។
គ- កិច្ចសន្យាការងារ សំរាប់កម្មករនិយោជិតម្នាក់ៗ ត្រូវអនុលោមតាម អនុសញ្ញារួមហើយត្រូវបានពិនិត្យដោយ សហជីព​មុននឹងកិច្ចសន្យានោះត្រូវបានចុះហត្ថលេខា ។ និយោជកត្រូវផ្ដល់អនុសញ្ញារួមនេះដល់កម្មករនិយោជិត នៅពេលចុះកិច្ចសន្យាការងារ ហើយនិយោជកត្រូវជូនដំណឹងដល់កម្មករនិយោជិត ថ្មីថាមានតែសហជីពនេះមួយគត់ ដែលដំណាងឲ្យកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុននេះ ។

កិច្ចសន្យាការងារត្រូវធ្វើឡើងតាមខាងក្រោម ៖
ឃ- រយៈពេលសាកល្បងមានយ៉ាងយូរបំផុត ២ខែ បើលើសពីរយៈពេលនេះ​ត្រូវចូល​ជាពេញសិទ្ធិ ។ កិច្ចសន្យាសាកល្បង និយោជក ត្រូវបានជូនដំណឹងមុន ជាលាយលក្ខ័អក្សរ ចំនួន​០៧ថ្ងៃ នៃថ្ងៃធ្វើការអំពីការទៅកម្មករនិយោជិត នូវថិរវេលាចប់កិច្ចសន្យាសាកល្បងរបស់​ខ្លួន ។ បើនិយោជក ខកខានមិនបានជូនដំណឹងមុនតាមការកំណត់ ដូចមានចែងនេះទេ កម្មករ​​និយោជិតនោះ នឹងត្រូវបា​នចាត់ទុកថា បានបញ្ចប់នូវការសាកល្បង ហើយចូលជា ពេញសិទ្ធិដោយស្វ័យប្រវតិ្ត ។

ង- កិច្ចស​ន្យារបស់កម្មករទាំងអស់ ដែលធ្វើលើកទីមួយ ជាកិច្ចសន្យាមានកំណត់ថិរវេលាពិតប្រាកដរយៈពេលពីរឆ្នាំ ក្រោយពីចប់កិច្ចសន្យារយៈពេលពីរឆ្នាំកិច្ចសន្យានឹងក្លាយជាកិច្ចសន្យាគ្មានកំណត់ថិរវេលា ។
ច- ក្នុងរយៈពេលកិច្ចស​​ន្យាកំណត់ថិរវេលាពីរឆ្នាំ និយោជកត្រូវជូនដំណឺងមុនជាលាយលក្ខ័អក្សរចំនូន ០៧ថ្ងៃ ទៅកម្មករនិយោជិត អំពីពេលវេលាដែលត្រូវចប់កិច្ចសន្យារបស់ពួកគេ ហើយនឹងបើកប្រាក់បំណាច់កិច្ចសន្យា ៥%ផងដែរ។ ក្នុងករណីនិយោជកមិនបានជូន ដំណឹងមុនតាមពេល កំណត់ដូចមានចែងនេះទេ កិច្ចសន្យារបស់កម្មករ ត្រូវក្លាយជាកិច្ចសន្យាគ្មានកំណត់ថិរវេលាពិតប្រាកដ។
ឆ- និយោជកត្រូវតែធានានូវសុវត្ថិភាពការងារ និងមិនត្រូវបណ្ដេញចេញ បញ្ចប់កិច្ចសន្យា
ការងារព្យួរកិច្ចសន្យាការងារ ឬដាក់ពិន័យដោយអយុត្តិធម៌ មិនស្របច្បាប់ និង ដោយគ្មានមូលហេតុសមស្របឡើយ។ និយោជកមិនត្រូវរើសអើង ចំពោះ កម្មករនិយោជិតដែលដាក់ពាក្យសុំបម្រើការងារនូវ ពូជសាសន៍ សាសនា អាយុ ភេទ និងការចូលជាសមាជិកសហជីពនោះឡើយ ។

ជ- អតីតភាពការងារត្រូវបានទទួលរាល់ឆ្នាំ ហើយត្រូវរក្សាបើសិនជាមានការផ្លាស់ប្ដូរការងារ ឬទំហំការងារ។
ឈ- អតីតភាពការងារ ត្រូវបានរាប់ចាប់តាំងពី ពេលចូលធ្វើការសាកល្បង ឬបណ្ដោះអាសន្នមក ។ និយោជកត្រូវផ្ដល់ឪកាសទៅដល់កម្មករនិយោជិតដែលមានអតីតភាពការងារយូរ នូវអាទិភាពទទួលបានការងារពិសេស និងតម្លើងឋានៈបើមិនដូច្នេះទេ ត្រូវមានសិទ្ទិស្មើគ្នា ។
ញ- ការផ្អាកការងារដោយបញ្ហាសេដ្ឋកិច្ច អាចធ្វើទៅបានក្រោយពីមាន ការពិភាក្សាជាមួយសហជីពជាមុនសិន កម្មករនិយោជិតដែលត្រូវបានផ្អាកការងារដោយបញ្ហាសេដ្ឋកិច្ចនេះត្រូវបានដាក់ក្នុងបញ្ជីហៅមកធ្វើការវិញមុនគេ ហើយអាចដាក់ពាក្យសុំការងារជាថ្មីកម្មករនិយោជិតបច្ចុប្បន្ន​ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បើគ្មានការព្រមព្រៀងពីសហជីពទេ ការផ្អាកការងារគ្រប់រូបភាពពុំអាចធ្វើទៅបានទេ។
ដ - និយោជកត្រូវជូនដំណឹង អំពីការទទួលឱ្យធ្វើការជាថ្មី តាមមធ្យោបាយផ្សេងៗ និងតាមក្តា​រ
ពត៌មានរបស់សហជីពហើយជូនដំណឹងដល់កម្មករនិយោជិតថ្មី និងកម្មករនិយោជិត​​ចាស់ដែលនៅក្នុង
បញ្ជីរឱ្យចូលមកធ្វើការវិញយ៉ាងហោចណាស់ ០២ សប្តាហ៍ មុនពេលការងារថ្មីបើកផ្សព្វផ្សាយជាសាធារ
ណៈ។
ថ - កម្មករនិយោជិតដែលត្រូវចូល រួមវគ្គបណ្តុះបណ្តាលដែលតម្រូវដោយនិយោជិតត្រូវទទួលបានប្រាក់ឈ្មួល ជាធម្មតា រួមទាំងប្រាក់ធ្វើការបន្ថែមម៉ោង ប្រសិនបើការបណ្តុះបណ្តាលនោះលើសពី ៨ម៉ោងក្នុង ១ថ្ងៃ។ កម្មករនិយោជិតដែលចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅកន្លែងធ្វើការងារត្រូវទទួលបានប្រាក់ បេសកកម្មគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់នូវរាល់តម្លៃដែលទាក់ទង នឹងការបណ្តុះបណ្តាលទាំងនោះ រួមទាំងការធ្វើដំណើរ ការហូបចុក ការស្នាក់នៅ និងការចំណាយបន្ទាប់បន្សំផ្សេងៗ។

ប្រការ ៣ ៖ ម៉ោងការងារ និងការងារថែមម៉ោង

១- កម្មករនិយោជិតទាំងអស់ ត្រូវធ្វើការចំនួន ៦ថ្ងៃ​ដោយរាប់បញ្ចូលដល់ ថ្ងៃសៅរ៍ និងម៉ោងការងារសរុបចំនួន ៤៨ម៉ោង ក្នុងមួយសប្តាហ៍ដោយរាប់បញ្ចូលម៉ោងទទួលទានអាហារ ៣០នាទីផងសម្រាប់នៅផ្នែកប៉ាក់។ ម៉ោងការងារ ត្រូវបែងចែកតាមវេននីមួយៗ ដូចតទៅ៖ វេនទីមួយចាប់ម៉ោង ៦:00ព្រឹក ដល់ម៉ោង ១៤:០០ វេនទីពីរ ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ២២:00យប់​ និងវេនទីបីចាប់ពីម៉ោង ២២:00យប់ ដល់ម៉ោង ៦:០០ព្រឹក។

២- កម្មករនិយោជិតដែលធ្វើការនៅពេលយប់ ត្រូវទទួលបានអត្រាប្រាក់ឈ្មួលចំនួនពីរ រយភាគរយ (២០០%) នៃប្រាក់ឈ្នួលគោលនៅពេលថ្ងៃ។
៣- កម្មករធ្វើការចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៦ភ្លឺ ក្រុមហ៊ុននឹងផ្តល់ប្រាក់ឈ្នួលគុណនឹង ២ និងផ្តល់លុយ ១០០០៛ ហើយចំពោះកម្មករនិយោជិតដែលក្រុមហ៊ុនអាចនឹងជ្រើសរើសឱ្យចូលធ្វើការថ្មី ក្រុមហ៊ុនផ្តល់ប្រាក់ឈ្មួល ១៣០% សម្រាប់ការងារវេនយប់។

ប្រការ ៤ ៖ ថ្ងៃឈប់សម្រាកបុណ្យ និងច្បាប់ឈប់សម្រាក

១-ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលមានចែងក្នុងប្រកាសដែលចេញជារៀងរាល់ឆ្នាំដោយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្ងៃឈប់សម្រាកទៅបោះឆ្នោត ត្រូវអនុវត្តដោយមិនកាត់ប្រាក់ឈ្នួល ប្រាក់រង្វន់ និងផលប្រយោជន៍ផ្សេងៗទៀត។

២-ក្រុមហ៊ុនផ្តល់ជូនកម្មករនូវថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដំបូងចំនួន១៨ថ្ងៃ នៅឆ្នាំទី១ នឹង តម្លើងបន្ថែម ១ថ្ងៃរៀងរាល់ឆ្នាំម្តង។

៣-កម្មករនិយោជិតមានសិទ្ធិប្រើប្រាស់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំបានក្រុមហ៊ុននឹងអនុញ្ញាតឱ្យកម្មករឈប់សំរាក តាមការស្នើរសុំ ប៉ុន្តែកម្មករត្រូវបង្ហាញហេតុលផលឱ្យបានសមរម្យចំពោះការសុំឈប់សម្រាក​នេះ។
៤-​​ ការឈប់សម្រាកបុណ្យជាតិ ក្រុមហ៊ុនផ្តល់ការឈប់សម្រាកប្រចាំឆ្នាំមុន ១ថ្ងៃ និងក្រោយ ១ថ្ងៃនៃថ្ងៃឈប់បុណ្យ ហើយក្រុមហ៊ុន ជាមួយសហជីពនឹងពិភាក្សាគ្នារយៈពេលមួយសប្តាហ៍មុន។
៥-និយោជកផ្តល់ការឈប់សម្រាកពិសេសជូនកម្មករនិយោជិត ដោយពុំមានកាត់ និងថ្ងៃសម្រាកប្រចាំឆ្នាំ របស់កម្មករនិយោជិតទេ។
៦-និយោជកផ្តល់ពេលវេលាឈប់សម្រាកពិសេស ដោយមិនកាត់ប្រាក់ឈ្នួលចំនួន ០៧ថ្ងៃក្នុងឱកាស ដែលកម្មករនិយោជិតមានធុរៈផ្ទាល់ខ្លួន ឬ ក្នុងឱកាសមានព្រឹត្តិការណ៍ប៉ះពាល់ផ្ទាល់ដល់គ្រួសារ នៃកម្មករនិយោជិតដូចជា៖ រៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លូន រៀបអាពាហ៍ពិពាហ៍កូន បងប្អូនបង្កើត រៀបអាពាហ៍ពិពាហ៍ប្តីប្រពន្ធ កូន ឪពុកម្តាយមានជម្ងឺ ឬទទួលមរណភាពទៅតាមប្រកាសលេខ ២៦៧ ស.ក.ប.យ​ ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០០១ របស់រដ្ឋមន្ត្រីក្រសួងកិច្ចការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។

៧- ករណីហេតុការណ៍កើតឡើងបន្ទាន់ ដោយមិនបានដឹងមុនកម្មករនិយោជិតត្រូវជូនដំណឹងមកក្រុមហ៊ុន តាម មធ្យោបាយណាមួយដែលអាចទទួលយកជាការបាន ឬជូនដំណឹងមកតាមរយះសហជីព ឬផ្ងើរដំណឹងតាមរយះមិត្តរួមការងារ។
៨- រាល់ការឈប់សម្រាកដូចជាករណីចំនុច ៦ខាងលើនេះ កម្មករនិយោជិតសាម៉ីត្រូវមាន ឯកសារ ឬភស្តុតាង បញ្ជាក់ឱ្យបានច្បាស់លាស់ដែលអាចទទួលយកជាការបាន។
៩- ចំពោះកម្មករនិយោជិតដែលមានជំងឺ ដែលមិនអាចធ្វើការបាន អាចផ្ញើរកាតតាមមិត្តរួមការងារ ឬសាច់ញាតិ របស់ខ្លួនមកប្រធានក្រុម ឬមេការចិន ក្នុងករណីនេះក្រុមហ៊ុននឹងអនុញ្ញាត្តិច្បាប់ជូន។
១០- ក្នុងករណី កម្មករនិយោជិតមានជម្ងឺជាបន្ទាន់ត្រូវសម្រាកក្នុងមន្ទីពេទ្យដោយមិនបាន ជូនដំណឹងមកក្រុមហ៊ុន ទាន់ពេលវេលា ឬក៏គ្រូពេទ្យជំនាញបានចេញលិខិតបញ្ជាក់ថា អ្នកជម្ងឺមិនទាន់អាចចូលធ្វើការវិញបានហើយគ្រូពេទ្យតម្រូវឱ្យ សម្រាកពេទ្យមួយរយៈសិន នៅពេលត្រឡប់ចូលបម្រើការងារវិញ សាម៉ីខ្លួនត្រូវយកសំបុត្រពេទ្យដែលចេញដោយ គ្រូពេទ្យជំនាញនោះ​ មកបង្ហាញជូនក្រុមដើម្បីបញ្ចាក់ជា ភស្តុតាងអំពើការឈឺ។ ក្រោយពីឯកសារ ឬលិខិតភស្តុតាង បញ្ជាក់ជម្ងឺ ត្រូវបានពិនិត្យឃើញថាពិតជាត្រឹមត្រូវ​ហើយនោះ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ របស់កម្មករនិយោជិតនោះឱ្យនៅដដែល។
១១- នៅពេលកម្មករនិយោជិតណាជម្ងឺធ្ងន់ធ្ងរ ត្រូវសម្រាកនៅមន្ទីពេទ្យ ដែលមានរយៈពេលយូររហូតទៅដល់ បី(៣)ខែ ក្រុមហ៊ុនរក្សាប្រាក់ ឈ្នួលគោល និង អត្ថប្រយោជន៍បន្ទាប់បន្សំ របស់កម្មករនិយោជិតនោះ នៅដដែលចំនួន ១០០ភាគរយ (១០០%)។

១២- ក្រុមហ៊ុនមិនរើសអើងចំពោះអ្នកផ្ទុក ឬអ្នកកើតជម្ងឺអេដស៍ទេ។នៅពេលក្រុមហ៊ុនដឹងថាកម្មករនិយោជិត ណាម្នាក់ផ្ទុក ឬ កើតជម្ងឺអេដស៍ ក្រុមហ៊ុនត្រូវតែអនុញ្ញាតិច្បាប់ឱ្យកម្មករនិយោជិតនោះ បានទៅទទួលការពិនិត្យសុខភាព ដោយក្រុមហ៊ុន រក្សាប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំនៅដដែល។
១៣- នៅពេលក​ម្មករនិយោជិតដែលកើតជម្ងឺអេដស៍បាត់ បង់ជីវិត ឬបាត់បង់​សមត្ថភា​ពពលកម្ម​​​​មិនអាចបម្រើការ ជូនក្រុមហ៊ុនបាន ក្រុមហ៊ុនយល់ព្រមទទួលយក​សមាជិកដែល​គ្រប់អាយុ​នៃ​ក្រុម​គ្រួសាររបស់កម្មករនិយោជិតនោះ មកបម្រើ ការងារជំនួសវិញទោះគ្មាន​ជំនាញក៏ដោយ​ឱ្យ​តែ​គាត់​​ចង់ធ្វើ​ការ។
១៤- កម្មករនិយោជិតដែលត្រូវទៅពិនិត្យសុខភាពនៅពេទ្យការងារ ក្រុមហ៊ុនជាអ្នកចេញ​លុយ
ឱ្យ ប្រសិនបើកម្មករនិយោជិតនោះមានលិខិតបញ្ជាក់ពីការ ចំណាយលើការពិនិត្យ​សុខភាព​នោះ​ត្រឹមត្រូវ។

ប្រការ ៥ ៖ ប្រាក់ឈ្មួល និងអត្ថប្រយោជន៍ផ្សេងៗ

១- នៅពេលក្រុមហ៊ុនអត់មានការងារឱ្យកម្មករនិយោជិតធ្វើពិតប្រាកដក្រុមហ៊ុនយល់ព្រមបើកប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំ អោយកម្មករនិយោជិត ចំនួនហាសិបភាគរយ(៥០%) ប្រាក់រង្វាន់ទៀងទាត់ និងអត្ថប្រយោជន៍ផ្សេងៗនៅដដែលហើយក្រុមហ៊ុនយល់ព្រមមិនយកការឈប់សម្រាកបំណាច់ឆ្នាំរបស់កម្មករនិយោជិតមកឈប់ជំនួសពេលអត់មានការងារធ្វើនោះទេ។
២- សន្លឹកពត៌មានបើកប្រាក់ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពីចំនួនថ្ងៃការងារធម្មតា ចំនួនម៉ោងបន្ថែមចំនួនបរិមាណ ផលិតផលដែលកម្មករនិយោជិតបានធ្វើ និង គណនាចំនួនលុយក្នុងប្រភេទការងារនីមួយៗ ឱ្យបានច្បាស់លាស់ ។
៣- ករណីមានការតវ៉ាកើតឡើងទាក់ទងនឹងលុយបំណាច់ឆ្នាំ លុយថ្លៃទឹកដោះគោ លុយភាគទានសហជីព លុយរង្វាន់ ឬ លុយបើកមិនត្រឹមត្រូវតាមការងារដែលធ្វើបាន ក្រុមហ៊ុនយល់ព្រមពិនិត្យ និងបើកជូនកម្មករនិយោជិត យ៉ាងយូរ១សប្ដាហ៍ បន្ទាប់ពីថ្ងៃបើកលុយ។
៤- និយោជកព្រមរៀបចំពិធីជប់លៀង ជារៀងរាល់ឆ្នាំជូនដល់កម្មករនិយោជិតទាំងអស់ រួមទាំងមាន ការប្រគុំតន្ដ្រីដើម្បីច្រៀងរាំលេងកំសាន្ដផង រីឯការចំណាយទាំងអស់ជាបន្ទុករបស់និយោ​ជក ។
៥- រៀងរាល់៦ខែម្ដង ក្រុមហ៊ុននឹងពិនិត្យអំពីការតម្លើងប្រាក់ឈ្នួលគោលជូនកម្មករនិយោជិត ដោយផ្អែក ទៅលើស្ថានភាពសេដ្ឋកិច្ចរបស់រោងចក្រ និងការងាររបស់កម្មករ ។

៦- ចំពោះការផ្ដល់រង្វាន់ទិន្នផលប្រចាំខែជូនកម្មករនិយោជិត ក្រុមហ៊ុននឹងពិនិត្យទៅលើស្ថានភាពការងារជាក់ស្ដែង របស់កម្មករម្នាក់ៗ ។

ប្រការ ៦ ៖ ការឈប់សម្រាកលំហែមាតុភាព និង ការងារស្ដ្រី និង កុមារ

ក- និយោជកផ្ដល់ពេលវេលា ៩០ថ្ងៃ សម្រាប់ការសម្រាកសម្រាលកូន ដោយផ្ដល់ប្រាក់ឈ្នួលមុនថ្ងៃ ឈប់សម្រាក នូវប្រាក់ជាមធ្យម ៥០% នៃប្រាក់ឈ្នួលសរុប ១២ ខែរបស់កម្មករ ប្រាក់អតីតភាព ការងារពេញ និងប្រាក់រង្វាន់ ការងារពេញផ្សេងៗទៀត ។

ខ- និយោជកអនុញ្ញាតិឲ្យ កម្មករនិយោជិតដែលមានផ្ទៃពោះឈប់ មួយថ្ងៃពេញក្នុងមួយ (១) ខែដើម្បីទៅ ពិនិត្យសុខភាពទារក ដោយរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់របស់កម្មការិនី នោះនៅដដែល ។

គ- និយោជកអនុញ្ញាតអោយ កម្មករនិយោជិតដែលមានផ្ទៃពោះ ធ្វើការងារណាដែលស្រាលៗដែល មិនបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមាតា និងទារក ហើយបានចេញពីធ្វើការមុនម៉ោង ១៥ នាទី ដោយរក្សាប្រាក់ឈ្នួល និង ប្រាក់រង្វាន់ទៀងទាត់របស់កម្មការិនីនោះនៅដដែល ។

ឃ- កម្មករនិយោជិតដែលសម្រាលកូនរួច ពេលត្រលប់ចូលធ្វើការវិញ និយោជកយល់ព្រម ផ្ដល់ឲ្យកម្មករ និយោជិតនោះ(៦០)នាទី ក្នុង១ថ្ងៃ ដើម្បីធ្វើការបំបៅដោះកូន ដោយចែកចេញជាពីរវគ្គទៅតាមការជ្រើសរើសរបស់កម្មករ ដោយក្រុមហ៊ុនយល់ព្រមរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់របស់កម្មករនិយោជិតនោះ។ សិទ្ធិឈប់បំបៅដោះកូននេះ មានរយៈពេល ០១ឆ្នាំ ហើយកម្មករត្រូវជូនដំណឺងទៅមេការចិននិងផ្នែករដ្ឋបាល អោយបានដឹងនូវពេលវេលា ដែលត្រូវចេញ ១ម៉ោងនោះ ។ ចំពោះកម្មករដែលធ្វើការនៅវេនយប់ ក្រុមហ៊ុនអនុញ្ញាតអោយកម្មករចេញពេញ ១ម៉ោងតែម្ដង ដោយពុំចាំបាច់ចែកជាពីរវគ្គទេ ។

ង- បន្ទាប់ពីសម្រាលកូនរួច ហើយចូលធ្វើការវិញ និយោជកត្រូវឲ្យកម្មករនិយោជិតនោះធ្វើការងារណាដែល ស្រាលៗ ដែលមិនបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់ឡើយ ។
ច- ចំពោះកម្មករនិយោជិតស្រ្តីបន្ទាប់ពីសម្រាលកូនរួចហើយចូលធ្វើការវិញ និយោជកយល់ព្រមផ្ដល់ប្រាក់ឧបត្ថម្ភ ថ្លៃទឹកដោះគោចំនួនម្ភៃ (២០) ដុល្លារជារៀងរាល់ខែ សម្រាប់រយៈពេល ១ឆ្នាំ។

ប្រការ ៧ ៖ សីលធម៌ និងសេចក្ដីថ្លៃថ្នូរក្នុងកន្លែងធ្វើការ

ក- និយោជក ផ្ដល់ការណែនាំដល់ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ថ្នាក់កណ្ដាល និងថ្នាក់ទាប ឲ្យប្រើអកប្បកិរិយាពាក្យសំដី ឲ្យបានសមរម្យមកលើកម្មករនិយោជិត អ្នកនៅក្រោមបង្គាប់។ និយោជក ឬអ្នកគ្រប់គ្រងមិនត្រូវរើសអើង ចំពោះកម្មករ និយោជិតឡើយ ហើយកម្មករនិយោជិ​ត​​ម្នាក់ៗមានសិទ្ធិជំទាស់នូវរាល់អ្វីដែលនិយោជកមានកំហុស ។
ខ- បើមានការជេរប្រមាថ ឬសកម្មភាពមើលងាយនានា ពីអ្នកគ្រប់គ្រងទាំងនោះ និយោជកត្រូវតែផ្ដល់ការ ព្រមាន១ដង ឬ ២ដង ហើយបើមិនកែប្រែ នោះសហជីពមានសិទ្ធិស្នើសុំឲ្យនិយោជក ប្ដូរការងារហើយចាត់វិធានការណ៍នានា តាមការជាក់ស្ដែង ឬក៏ត្រូវបណ្ដេញចេញពីការងារ ។
គ- កម្មករនិយោជិតដែលរងការមើលងាយ ឬការបៀតបៀននានា ត្រូវប្ដឹងជាលាយលក្ខ័អក្សរមកសហជីព មិនឲ្យហួសពី៥ថ្ងៃ ក្រោយពីមានរឿងកើតឡើយ ហើយសហជីពស៊ើបអង្កេតយ៉ាងយូរ៧ថ្ងៃ ទើបសម្រេចថា ជាការមើលងាយ ឬមិនមែន។ បើរកឃើញថា មានអំពើដូចការចោទប្រកាន់ ទើបសហជីពយករឿងទាំងនោះទៅដោះស្រាយជាមួយនិយោជក ។

ឃ- សហជីពនិងនិយោជកនឹងមិនអនុញ្ញាតឲ្យមាននូវអំពើបៀតបៀនផ្លូវភេទឡើយហើយ​​​​​​​​​​​​និយោជកត្រូវដោះស្រាយ បណ្ដឹងទាក់ទងនឹងការបៀតបៀនផ្លូវភេទដោយយកចិត្ដ​ទុក​​ដាក់​ និងម៉ត់ចត់ជាទីបំផុត ។

ង- ដំណើរការដោះស្រាយមានចែងនៅក្នុងនីតិវិធីដោះស្រាយបណ្ដឹងសារទុក្ខ ។

ប្រការ ៨ ៖ ការផ្លាស់ប្ដូរកម្មករនិយោជិត និងទីតាំងការងារ

ក- ការផ្លាស់ប្ដូរទំហំការងារ វិធានការ ឬ បទបញ្ញាត្តិទាំងឡាយណា ក្នុងការផ្លាស់ប្ដូរនូវការងាររបស់កម្មករ និយោជិតពីផ្នែកមួយទៅផ្នែកមួយ ឬពីកន្លែងមួយ ទៅកន្លែងមួយត្រូវចរចារជាមួយថ្នាក់ដឹកនាំសហ​ជីពយ៉ាងតិច ២ថ្ងៃមុន។ ការផ្លាស់ប្ដូរការងារនេះអាចអនុវត្ដទៅបានលុះត្រាតែការងារនោះសមរម្យសម្រាប់សាម៉ីកម្មករ និងមានការយល់ព្រមដោយ សហជីពផងដែរ ដោយគ្មានការបង្ខិតបង្ខំពីសំណាក់និយោជក ឬពីប្រធានគ្រប់គ្រងផ្នែកណាមួយឡើយ ។
ខ- ប្រសិនបើការផ្ទេរការងារត្រូវបានធ្វើឡើងស្របទៅតាមបញ្ញាតិ្តខាងលើនោះ កម្មករនិយោជិត​​​ដែលត្រូវបានផ្ទេរ មិនអាចទទួលបាន ប្រាក់ឈ្នួលទាបជាងមុនឡើយ លើកលែងការផ្លាស់ប្ដូរ តួនាទីតួនាទីថ្នាក់គ្រប់គ្រង។ ការផ្ទេរកម្មករ និយោជិត ពីផ្នែកមួយទៅផ្នែកមួយទៀតត្រូវឈរលើគោលការណ៍ ជំនាញដូចគ្នា ឬប្រហាក់ប្រហែល និងត្រូវរក្សាឋានៈ តួនាទីដដែល ។
គ- ទោះក្នុងមូលហេតុអ្វីក៏ដោយ និយោជកមិនត្រូវបញ្ចុះតំណែង ឬឋានៈរបស់កម្មករនិយោជិតដោយយកលេស នៃការផ្លាស់ប្ដូរការងារនោះបានឡើយ។ ក្នុងករណីនេះ រាល់ការបញ្ចុះ​​​​​​តំណែង ឬ ឋានៈត្រូវបានហាមឃាត់ ជាដាច់ខាត ។
ឃ- ការផ្ដូរពីផ្នែកមួយទៅផ្នែកមួយទៀតដែលខុសជំនាញគ្នាត្រូវបង្រៀនកម្មករ និយោ​ជិត​រហូតដល់កម្មករ និយោជិតនោះចេះធ្វើកិច្ចការ ។ នៅពេលរៀន ត្រូវរក្សាប្រាក់ឈ្នួលនៅដដែល ហើយពេលរៀនចប់ចាប់ចូល បម្រើរការងារនៅក្នុង ផ្នែកថ្មីត្រូវដម្លើងប្រាក់ឈ្នួលយ៉ាងតិច ២០ភាគរយ ។
ង- នៅពេលមានការផ្លាស់ប្ដូរ ទីតាំងក្រុមហ៊ុនទៅកាន់កន្លែងថ្មី ក្រុមហ៊ុនត្រូវផ្ដល់រថយន្ដដឹក កម្មករនិយោជិត ពីកន្លែងក្រុមហ៊ុន ចាស់ទៅកាន់កន្លែងក្រុមហ៊ុនថ្មី រយៈពេលយ៉ាងយូរមិនលើសពីប្រាំមួយ (៦)ខែ។
ច- ការផ្លាស់ប្ដូរក្រុមហ៊ុន ទៅកាន់ទីតាំងថ្មី មិនមានការប៉ះពាល់ដល់ផលប្រយោជន៍ អតីតាពមុខតំណែង ឬ គុណភាព ការងាររបស់កម្មករនិយោជិតដែលធ្លាប់ទទួលបាននៅទីតាំងចាស់ទេ។

ប្រការ ៩ ៖ គ្រោះថ្នាក់ការងារ

និយមន័យគ្រោះថ្នាក់ការងារនៅក្នុងអនុសញ្ញារួមនេះ គឺជាហេតុការណ៍ឬព្រឹត្ដិការណ៍ចៃដន្យអាក្រក់ទាំងឡាយ ដែលកើតឡើងមកលើកម្មករនិយោជិតដែលកំពុងតែជាប់បំពេញការងារ​ឬកំពុងធ្វើសកម្មភាពដែលមានទំនាក់ទំនងនឹងការងារ ហើយដែលបណ្ដាលឲ្យ ទទួលរងនូវរបួសស្រាលធ្ងន់ឬបាត់បង់ជីវិត។ គ្រោះថ្នាក់ទាំងឡាយណាដែលកើតមានឡើង មកលើកម្មករនិយោជិត នៅកន្លែងការងារ នៅតាមផ្លូវពីផ្ទះត្រង់មកកន្លែងការងារ និងពីកន្លែងការងារត្រង់ទៅផ្ទះ និងពីកន្លែងការងារទៅបំពេញកិច្ចការដទៃផ្សេងៗទៀតជូនក្រុមហ៊ុនក៏ត្រូវចាត់ទុកថាជាគ្រោះថ្នាក់ការងារ។ ជម្ងឺវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកថាជាគ្រោះថា្នក់ការងារផងដែរ។
ក-និយោជកបានចុះបញ្ជីឈ្មោះក្រុមហ៊ុន នៅក្នុងបេឡាជាតិរបបសន្ដិសុខសង្គមរួចហើយ​​ដើម្បីធានាដល់ ហានិភ័យការងារ នៃកម្មករនិយោជិតទាំងអស់ និងអនុវត្ដយ៉ាងពេញលេញទៅតាមច្បាប់របស់បេឡាជាតិ របបសន្ដិសុខសង្គម។
ខ- នៅរាល់ពេលមានគ្រោះថ្នាក់ការងារកើតឡើងមកលើកម្មករនិយោជកនឹងចាត់វិធានការសង្គ្រោះភ្លាមៗ ដោយចេញ ថ្លៃព្យាបាល និងការចំនាយរ៉ាប់រងគ្រប់សេវាទាំងអស់ រួមទាំងការព្យាបាលរយៈពេលវែង១០០% ដោយត្រូវជ្រើសរើសគិលានដ្ឋានខាងក្រៅណាល្អៗ ដែលកម្មករនិយោជិតអាចទុកចិត្ដបានរហូតដល់បេឡាជាតិ ចាប់ផ្ដើម ទទួលខុសត្រូវបន្ដ។
គ- ក្នុងករណីបេឡាជាតិរបបសន្ដិសុខសង្គមមិនទាន់ដំណើរការ គ្រោះថ្នាក់ការងារគឺជាបន្ទុករបស់និយោជក។
ឃ- នៅពេលមានសេចក្ដីរាយការណ៍មកនិយោជកថា មានគ្រោះថ្នាក់ការងារកើតឡើងនៅកន្លែងណាមួយនិយោជក នឹងចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។
ង- ការជួយដល់កម្មករនិយោជិត ដែលមានបញ្ហាផ្សេងៗ ក្រៅពីគ្រោះថ្នាក់ការងារ សូមឲ្យសហជីពផ្ដល់ព័ត៌មាន ក្រុមហ៊ុនឲ្យដឹង ក្រុមហ៊ុននឹងពិនិត្យតាមលទ្ធភាពជាក់ស្ដែង ហើយសហជីពនិងចូលរួមរៃប្រាក់ពីកម្មករសម្រាប់ជួយផងដែរ។

ប្រការ ១០ ៖ សុខភាពសុវត្ថិភាព អនាម័យ ​និង បរិស្ថាននៅកន្លែងការងារ

ក- ត្រូវមានបន្ទប់ទឹក បង្គន់តាមប្រកាសលេខ ០៥២ ហើយបន្ទប់ទឹកត្រូវស្អាតជានិច្ច។
ខ- ត្រូវមានច្រកចេញពេលមានអាសន្ន និងមានក្រុមជំនាញពន្លត់អគ្គិភ័យ និងត្រូវបង្កើតវិធាននានាដើម្បីសុវត្ថិភាព របស់កម្មករនិយោជិត និង គណៈគ្រប់គ្រងទាំងអស់។
គ- និយោជក ត្រូវធ្វើការស៊ើបអង្កេត នៅពេលបានទទួលនូវការរាយការណ៍ របស់កម្មករ
និយោជិតណាម្នាក់ អំពីឧប្បត្ថិហេតុ អគ្គិភ័យ។ បន្ទាប់ពិការស្រាវជ្រាវរួច រកឃើញថា វាជាការពិតប្រាកដមែន និយោជកត្រូវបញ្ជាឲ្យកម្មករនិយោជិត ឈប់ធ្វើការជាបន្ទាន់ និងធ្វើការជម្លៀសកម្មករនិយោជិត និងបុគ្គលិកផ្នែកគ្រប់គ្រង ទៅកាន់ទីតាំងណាដែលមានសុវត្ថិភាព។
ឃ- ប្រព័ន្ធចរន្ដ អគ្គិសនី ត្រូវតែធានាសុវត្ថិភាព កុំឲ្យមានការឆក់ឆ្លង ដែលអាចនាំឲ្យឆាបឆេះ និងគ្រោះថ្នាក់ជាយថាហេតុ។
ង-ក្រុមហ៊ុនត្រូវបើកនូវ ឧបករណ៍សំរាប់ការពារសុវត្ថិភាពការងារ ដល់កម្មករនិយោជិតដែលធ្វើការ
នៅទីកន្លែងណាដែលងាយ នឹងទទួលការរងគ្រោះថ្នាក់ ដល់ដៃ ជើង ក្បាល ភ្នែក ត្រចៀក និងច្រមុះជាដើម។
ច- ក្រុមហ៊ុនត្រូវពិនិត្យនិងតម្លើងអំពូលភ្លើងនៅកន្លែងការងារឲ្យភ្លឺនិងមានខ្យល់ចេញចូលគ្រប់គ្រាន់ ។
ឆ-នៅពេលមានកម្មករនិយោជិតសន្លប់នៅកន្លែងកាងារក្រុមហ៊ុនត្រូវតែបញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
ជ- នៅក្នុងអាគាររោងចក្រ ក្រុមហ៊ុននឹងរៀបចំឲ្យមានសីតុណ្ហភាពត្រជាក់ល្មម។

ប្រការ ១១ ៖ គិលានដ្ឋានក្នុងរោងចក្រ

ក- គិលានដ្ឋានក្នុងរោងចក្រត្រូវមានទំហំ ២០ ម៉ែត្រក្រឡា ស្របតាមប្រកាសរួម លេខ ៣៣០ របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុវនីតិសម្បទា និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្អាត គ្មានផ្សែង គ្មានក្លិន មានពន្លឺគ្រប់គ្រាន់ គ្មានសំលេងលឺខ្លាំង គ្មានធូលី ខ្យល់អាកាសគ្រប់គ្រាន់ ហើយគ្រែនីមួយៗ ត្រូវមានសំភារៈសំរាប់គ្រែគ្រប់គ្រាន់។ គិលានដ្ឋាននេះត្រូវមានថ្នាំ គ្រប់គ្រាន់ និងប្រចាំការដោយគិលានុប្បដ្ឋាក ឬ គិលានុប្បដ្ឋាយិការចំនូន ០២រូប រាល់ម៉ោងធ្វើការ និងវេជ្ជបណ្ឌិត ១រូបប្រចាំការ ១ថ្ងៃ ៤ម៉ោងយ៉ាងតិចតាមវេនធ្វើការនីមួយៗ និងតាមពេលវេលាដូច មានចែងក្នុងប្រកាសរួម លេខ ៣៣០ របស់រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុវនីតិសម្បទា និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
ខ- ក្នុងគិលានដ្ឋានត្រូវមានធុងទឹកក្ដៅ និងទឹកត្រជាក់ចំនូន ១ធុង កែវ ប្រដាប់ទ្រកែវ តុធ្វើការ០១ កៅអីមានបង្អែក ០៤ ទូរដាក់ឯកសារ ០១ ទូរដាក់ថ្នាំ ០១ បិរក្ខារសំលាប់រោគ (SteriLisateur) ០១ ព្រមទាំងមានថាមពលអគ្គិសនីគ្រប់គ្រាន់ សំរាប់ប្រើប្រាស់ឧបករណ៍ សម្លាប់មេរោគនិងគ្រឿងបរិក្ខារផ្សេងទៀត ដែលមានចែងក្នុងឧបសម្ព័ន្ធនៃប្រកាសលេខ ៣៣០។
គ- ត្រូវមានបរិក្ខារពេទ្យ ពូក ខើ្នយ កំរាលពូក គ្រប់គ្រាន់ និង ឪសថគ្រប់ប្រភេទ ដូចមានចែងក្នុង
ឧបសម្ព័ន្ធនៃ ប្រកាសលេខ ៣៣០ ហើយរាល់សេវាពេទ្យ និងថ្នាំពេទ្យក្នុង ក្រុមហ៊ុន ត្រូវធ្វើឡើយ ដោយមិនគិតលុយ និងមិនរើសអើងឡើយ។
ឃ- និយោជក ជាអ្នកចេញសោហ៊ុយឡានពេទ្យ ឬការធ្វើដំណើរទៅមក ពេលព្យាបាលជំងឺវិជ្ជាជីវៈ ឬគ្រោះថ្នាក់ការងារ នានា និងនិយោជកជាអ្នកចេញថ្លៃព្យាបាលតាមច្បាប់ស្ដីពីការងារ។
ង-​ បទបញ្ជារបស់ក្រុមហ៊ុនទាំងឡាយណាដែលផ្ទុយពីប្រការនេះគឺត្រូវទុកជាមោឃៈ។

ប្រការ ១២ ៖ បទវិន័យ និង ការបណ្ដេញចេញ

ក- សហជីពមានពេលយ៉ាងតិច ១សប្ដាហ៍ ដើម្បីស៊ើបអង្កេតលើកំហុសកម្មករនិយោជិតទាំងឡាយណាដែល និយោជកបានចោទប្រកាន់ថាបានប្រព្រឹត្ដកំហុសធ្ងន់។
ខ- ក្រោយពីការស៊ើបអង្កេត ឃើញថាមានកំហុសធ្ងន់ពិតប្រាកដហើយ ត្រូវយល់ព្រមឲ្យនិយោជកបញ្ឈប់ពីការងារ ដោយបង់ប្រាក់ផ្សេងៗដែលកំនត់ដូចខាងក្រោម ៖
- ការបញ្ឈប់ការងារកម្មករដែលមានកិច្ចសន្យាកំនត់ថិរវេលា ដោយមូលហេតុកំហុសធ្ងន់ ក្រុមហ៊ុន​យល់ព្រមបង់ប្រាក់ឈ្នួលរួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាព ប្រាក់ឧបត្ថម្ភប្រចាំខែ​ និងប្រាក់បំណាច់ ៥% នៃកិច្ចសន្យាជូនកម្មករ។
- ការបញ្ឈប់ការងារកម្មករដែលមានកិច្ចសន្យា មិនកំនត់ថិរវេលា ដោយមូលហេតុកំហុសធ្ងន់ ក្រុមហ៊ុនយល់ព្រមបង់ប្រាក់ឈ្នួលរួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាព ប្រាក់ឧបត្ថម្ភប្រចាំខែ។
- ក្រោយពីការបង់ប្រាក់ដូចមានចែងក្នុងចំនុច (ក,ខ)​ នៃកំហុសធ្ងន់ខាងលើ ភាគីក្រុមហ៊ុន និងកម្មករមិន ធ្វើការប្ដឹងផ្ដល់ចំពោះគ្នាទោវិញទៅមកទេ។
គ- លិខិតពន្យល់អំពីកំហុសក្នុងការងារលិខិតព្រមានជាលាយលក្ខ័អក្សរនិងលិខិតវាយតំលៃផ្សេងៗ ត្រូវរក្សាទុក ក្នុងទូរឯកសាររបស់ក្រុមហ៊ុន។
ឃ- ឯកសារកម្មករនិយោជិត ដែលទុកក្នុងទូរឯកសារ កម្មករនិយោជិតអាចសុំ មើល​បាន​ហើយមិនមានឯកសារ លាក់បាំងឡើយ។ កម្មករនិយោជិតដែលត្រូវបានដាក់វិន័យ ឬ បណ្ដញ​ចេញពីការងារអាចប្រើនីតិវិធីបណ្ដឹងសារទុក្ខប្ដឹង និងតវ៉ា រហូតទៅដល់ក្រុមប្រឹក្សា អាជ្ញារកណ្ដាល ជាការសំរេចចុងក្រោយដែលភាគីត្រូវអនុវត្ដភ្លាម។
ង- សហជីពនិងនិយោជកត្រូវចរចារលើការរៀបរាប់អំពីការរំលោភនានាទៅលើគោល នយោបាយបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុន ដែលមានសុពលភាពប្រើប្រាស់ និងការដាក់ទោសពៃឲ្យបានសមស្រប។រាល់ការបណ្ដេញកម្មករនិយោជិត ដោយសារជំលោះ ឬវិវាទនានាត្រូវអនុវត្ដទៅតាម នីតិវិធីបណ្ដឹងសារទុក្ខដូចខាងក្រោម ។

ប្រការ ១៣ ៖ នីតិវិធីដោះស្រាយបណ្ដឹងសារទុក្ខ

ក- គោលបំណងនៃនីតិវិធីដោះស្រាយបណ្ដឹងសារទុក្ខ គឺដោះស្រាយបញ្ហាឲ្យបានឆាប់រហ័សមានតម្លាភាព និងតាម លក្ខណៈជាប្រព័ន្ធការពារបញ្ហា ឬទំនាស់តូចតាចមិនឲ្យរាលដាលទៅជាធំនាំឲ្យរំខានដល់សង្វាក់ផលិតកម្ម និងដោះស្រាយ នៅក្នុងក្រុមហ៊ុន ជាជាងការដោះស្រាយនៅខាងក្រៅ ដែលចំណាយពេលយូរ និងនាំអោយខូចខាតផលប្រយោជន៍ ឬអាចនាំអោយមានកូដកម្មជាយថាហេតុ។
ខ- រាល់វិវាទ ដែលពាក់ព័ន្ធទៅនឹងការបកស្រាយភាពខុសគ្នា ឬការមិនអនុវត្តទៅតាមកិច្ចព្រមព្រៀង អនុសញ្ញារួមនេះសហជីព និងនិយោជកត្រូវតែព្យាយាមរកដំណោះស្រាយ តាមរយៈការចរចារដោយសន្ដិវិធី ឲ្យអស់ពីលទ្ធភាពជាមុនសិន។ បើដំណោះស្រាយពុំសះជានោះ វិវាទនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល (ដើម្បីធ្វើការសំរេចចុងក្រោយ) ហើយ សហជីពនិងនិយោជក ត្រូវដោះស្រាយវិវាទដោយស្មោះត្រង់ ឈរលើគោលការណ៍ សមធម៌ ច្បាប់ យោគយល់គ្នាទៅវិញទៅមក ដើម្បីការពាររូបភាព និងកេរ៌្តឈ្មោះអាក្រក់មិនឲ្យកើតមានឡើង។
គ- តំណាងសហជីព សម្ព័ន្ធសហជីព ស៊ីខៅឌូ មេធាវី និងតំណាងមកពីខាងក្រៅអាចចូលរួមគ្រប់ការប្រជុំ ដោះស្រាយបណ្ដឹងសារទុក្ខជាមួយ និយោជក និង កម្មករនិយោជិត តាមសំណើររបស់គូភាគី។
ឃ- សហជីពមានពេលពីរ​(២)ថ្ងៃចាប់ពីថ្ងៃដែលបានទទួលការពឹងពាក់ ដើម្បីកោះហៅថ្នាក់ដឹកនាំឬគណកម្មការ ដោះស្រាយវិវាទរបស់ខ្លួនមកធ្វើការប្រជុំ និងធ្វើការស៊ើបអង្កេតអំពីបញ្ហាដែលបានកើតឡើងនិងធ្វើការដោះស្រាយ បញ្ហានោះ ដោយសន្ដិវិធីជាមួយបុគ្គលិករដ្ឋបាលរបស់ក្រុមហ៊ុន។ក្នុងដំណើរការស៊ើបអង្កេតការស្រាវជ្រាវ និង សាកសួរក្រុមហ៊ុនត្រូវផ្ដល់ ពេលវេលាដល់សហជីព និងអ្នកដែលពាក់ព័ន្ធក្នុងការបំពេញកិច្ចការ នេះដោយមិនកាត់ប្រាក់ឈ្នួល ប្រាក់រង្វាន់ទៀងទាត់ និងអត្ថប្រយោជន៍ បន្ទាប់បន្សំឡើយ។
ង- ផុតរយៈពេលពីរ(២)ថ្ងៃ នៅតែមិនទាន់អាចដោះស្រាយបាន សហជីពនឹងបន្ដការ ដោះស្រាយបញ្ហានេះ ជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន។អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ត្រូវជួបដោះស្រាយនឹងឆ្លើយតបបញ្ហានេះជាមួយ សហជីពប្រកប ដោយបរិយាកាសគោរពគ្នាទៅវិញទៅមក និងរិះរកមធ្យោបាយទាំងឡាយណាដែលសមស្រប អាចដោះ ស្រាយបញ្ហានោះបាន។
ច- ផុតរយៈពេលពីរ (២)​ ថ្ងៃ ហើយបញ្ហានៅតែមិនអាចដោះស្រាយបានសះជាជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ សហជីពអាចបន្តការដោះស្រាយនេះជាមួយថៅកែរោងចក្រ ឬម្ចាស់រោងចក្របាន​ ។
ឆ- ផុតរយៈពេលបី (៣) ថ្ងៃ បញ្ហានៅតែមិនអាចសះជា ភាគីទាំងពីរព្រមព្រៀង​បញ្ជូនសំនុំរឿងនោះទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយ​ផ្ទាល់ ដើម្បីសំរេចជាចុងក្រោយ (ចងកាតព្វកិច្ច)។

ប្រការ ១៤ ៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក- រាល់បញ្ហាវិវាទ ដែលបញ្ជូនមក ក្រុមប្រឹក្សាអាជ្ញាកណ្តាលភាគីទាំងពីរ ប្តេជ្ញាយល់ព្រមចូលរួម​​គ្រប់​ដំណើរការ ទាំងអស់នៃការអញ្ជើញរបស់ក្រុ​មប្រឹក្សាអាជ្ញាកណ្តាលដោយពុំមាន​ការខក​​ខាន​ ឡើយ។
ខ- សហជីព និងនិយោជកបានព្រមព្រៀងគ្នាថា រាល់វិវាទអំពីសិទ្ធិ ដែលសំរេចដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាសេចក្តីសំរេចជាប់កាតព្វកិច្ចអនុវត្តន៍ ដែលគ្មានភាគីណាមួយអាចធ្វើការជំទាស់បានឡើយ។
គ- សហជីពនិងនិយោជកប្តេជ្ញាគោរព និងធ្វើតាមនូវរាល់សេចក្តី បង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងករណីនេះ សហជីពមិនធ្វើកូដកម្ម ហើយនិយោជិកមិនឡុកអៅ។

ប្រការ ១៦ ៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក- រាល់ការបិទក្រុមហ៊ុន ឬឈប់ដំណើរការផលិតកម្មតម្រូវឱ្យ ក្រុមហ៊ុនជូនដំណើរដល់សហជីពកម្មករ ជាមុនយ៉ាងហោចណាស់ចំនួនបី (៣)ខែមុនការបិទមកដល់ដើម្បី សហជីពមានពេលចាត់ចែង និងពិភាក្សាជាមួយ កម្មករនិយោជិត។ការបិទក្រុមហ៊ុនឈប់ដំណើរការ តម្រូវឱ្យមានទូទាត់នូវសំណងជូនកម្មករនិយោជិត លើកលែងតែក្រុមហ៊ុន ជួបប្រទះករណី ប្រធានស័ក្ដិ។បញ្ហាក្ស័យធន ឬបញ្ហាដទៃទៀត ដែលមិនទាក់ទងនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរ មិនអាចចាត់ទុកថា ជាករណីប្រធានស័ក្ដិឡើយ។
ខ- ការទូទាត់សំណងក្រៅអំពីករណីប្រធានស័ក្ដិ​ ក្រុមហ៊ុនតម្រូវឱ្យ ធ្វើការទូទាត់សំណងដល់​កម្មករ​​និយោ​ជិត ដោយគោរពតាម មាត្រាមួយចំនួននៃច្បាប់ស្ដីពីការងារដូចខាងក្រោមនេះ ៖
មាត្រា ៧៥ ស្ដីពីអត្ថប្រយោជន៍នៃការជូនដំណឺង (បើមិនបានជូនដំណឺង)
មាត្រា ៨៩ ស្ដីពីប្រាក់បំណាច់បណ្ដេញចេញ ដោយផ្អែកតាមអតីតភាពការងារ
មាត្រា ៩១ ស្ដីពីសោហ៊ុយជម្ងឺចិត្ដ (បើមិនបានជូនដំណឺងតាមមាត្រា៧៥)
មាត្រា ១១៣ស្ដីពីការបើកប្រាក់ឈ្នួល (បូករួមទាំងអត្ថប្រយោជន៍ បន្ទាប់បន្សំដទៃទៀតបើមាន)។
មាត្រា ១៦៦ ស្ដីពីការឈប់សំរាកប្រចាំឆ្នាំ ដោយមានប្រាក់ឈ្នួល (បើមិនទាន់បានប្រើប្រាស់
អស់)

ប្រការ ១៨ ៖ អវសាន្ដបញ្ញាត្តិ

១- កិច្ចព្រមព្រៀងអនុសញ្ញារួមនេះ មានសុពលភាពអនុវត្ដរយៈពេល ២ឆ្នាំ ដោយចាប់អនុវត្ដ ១សប្ដាហ៍ ក្រោយថ្ងៃចុះហត្ថលេខានៃភាគីទាំងពីរ (និយោជក និងសហជីព) តទៅ។

២- ភាគីនៃកិច្ចព្រមព្រៀងអនុសញ្ញានេះនឹងជួបចរចារគ្នាជាថ្មី នូវកំឡុងពេល ៣ខែ មុនថ្ងៃបញ្ចប់ការអនុវត្ដ កិច្ចព្រមព្រៀងអនុសញ្ញារួមនេះ បើពុំនោះទេ នាំអោយកិច្ចព្រមព្រៀងអនុសញ្ញារួមនេះមានសុពលភាពអនុវត្ដស្មើនឹងរយៈដើម។
៣- ភាគីណាមួយអាចលើកសំណើសុំធ្វើវិសោធនកម្ម បានក្នុងអំឡុងរយៈពេលកំពុងអនុវត្ដអនុសញ្ញារួម នេះ។ក្រោយពីបានទទួលសំណើពីភាគីណាមួយដែលលើក សំណើសុំធ្វើវិសោធនកម្ម ភាគីម្ខាងទៀតត្រូវឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ ដោយប្រាប់ពីពេលវេលានិងទីកន្លែងដែលត្រូវជួបគ្នាដើម្បីចាប់ផ្ដើមពិភាក្សាលើសំណើនោះ។
៤- អនុសញ្ញារួមនេះនឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។​ វិធានឬ​បទ​បញ្ញាត្ដិ​​​​ទាំងឡាយណា​ដែលចែងផ្ទុយនឹងអនុសញ្ញារួមនេះ ត្រូវទុកជានិរាករណ៍។
៥- សហជីព និងនិយោជក ធានាអនុវត្ដនូវកិច្ចព្រមព្រៀងអនុសញ្ញារួមនេះ ឱ្យបានខ្ជាប់ខ្ជួនមួយរយភាគរយ ។
ធ្វើនៅរោងចក្រ ដារ៉ុង ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០០៩

ភាគីក្រុមហ៊ុន ដារ៉ុង
ភាគីសហជីពប្រចាំក្រុមហ៊ុន ដារ៉ុង
ប្រធានសហជីព ស្ដីទី
នាយកក្រុមហ៊ុន
អនុប្រធានសហជីព ស្ដីទី
ហិរញ្ញឹកសហជីព ស្ដីទី
ទីប្រឹក្សាសហជីព

KHM Da Rong - 2009

ថ្ងៃចាប់ផ្តើម៖ → 2009-06-27
ថ្ងៃបញ្ចប់៖ → 2011-06-26
ផ្តល់សច្ចាប័នដោយ៖ → ផ្សេងៗទៀត
ផ្តល់សច្ចាប័នទៅលើ៖ → 2009-06-27
ឈ្មោះឧស្សាហកម្ម៖ → រោងចក្រផលិត
ឈ្មោះឧស្សាហកម្ម៖ → ការផលិតក្រណាត់, ការផលិតសំលៀកបំពាក់
វិស័យឯកជន/រដ្ឋ៖ → នៅក្នុងវិស័យឯកជន
បានបញ្ចប់ដោយ៖
ឈ្មោះក្រុមហ៊ុន៖ →  ក្រុមហ៊ុន ដារ៉ុង
ឈ្មោះសហជីព៖ →  សហជីពប្រជាធិបតេយ្យកម្មកររោងចក្រ ដារ៉ុង

ជំងឺ និងពិការភាព

ការចំណាយលើជំងឺជាអតិបរមា​( រយះពេល៦ខែ)៖ → 50 %
ចំនួួនថ្ងៃជាអតិបរមាសម្រាប់ការឈប់សម្រាកឈឺដែលទទួលបានប្រាក់ឈ្នួល៖ → 90 ថ្ងៃ
បទប្បញ្ញត្តិអំពីការវិលត្រលប់មកធ្វើការវិញក្រោយពីឈប់សម្រាកឈឺរយះពេលវែង ឧទាហរណ៍ ការព្យាបាលជំងឺមហារីក៖ → 
ការឈប់សម្រាកពេលមករដូវទទួលបានប្រាក់ឈ្នួល៖ → ទេ
ការបង់ប្រាក់ក្នុងករណីពិការភាពដោយសារគ្រោះថ្នាក់ការងារ៖ → ទេ

សុខភាព និងសុវត្ថិភាព និងជំនួយផ្នែកវេជ្ជសាស្រ្ត

ជំនួយផ្នែកវេជ្ជសាស្រ្តដែលបានព្រមព្រៀង៖ → ទេ
ជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់សាច់ញាតិដែលបានព្រមព្រៀង៖ → ទេ
វិភាគទានសម្រាប់ធានារ៉ាប់រងសុខភាពដែលបានព្រមព្រៀង៖ → មែន
ធានារ៉ាប់រងសុខភាពសម្រាប់សាច់ញាតិដែលបានព្រមព្រៀង៖ → ទេ
គោលនយោបាយសុខភាព និងសុវត្ថិភាពដែលបានព្រមព្រៀង៖ → មែន
វគ្គបណ្តុះបណ្តាលសុខភាព និងសុវត្ថិភាពដែលបានព្រមព្រៀង៖ → ទេ
សំលៀកបំពាក់ការ​ពារដែលបានផ្តល់ឲ្យ៖ → 
ការពិនិត្យសុខភាពទៀងទាត់ ឬប្រចាំឆ្នាំដែលនិយោជកផ្តល់ឲ្យ៖ → ទេ
ការត្រួតពិិនិត្យកន្លែងបំពេញការងារដែលអាចប៉ះពាល់ដល់សាច់ដំុ និងគ្រោងឆ្អឹង ហានិភ័យវិជ្ជាជីវះ និង / ឬ ទំនាក់ទំនងរវាងការងារ និងសុខភាព៖ → 
ជំនួយផ្នែកបុណ្យសព៖ → ទេ

ការរៀបចំការងារ និងគ្រួសារ

ការឈប់់សម្រាកលំហែមាតុភាពដែលទទួលបានប្រាក់ឈ្នួល៖ → 13 សប្តាហ៍
ច្បាប់ឈប់សម្រាកដែលទទួលបានប្រាក់ឈ្នួលមានភាពតឹងរឹងចំពោះ 50 % នៃប្រាក់ឈ្នួលគោល
សន្តិិសុខការងារបន្ទាប់ពីឈប់សម្រាកលំហែមាតុភាព៖ → មែន
ការហាមឃាត់ពីការរើសអើងនានាពាក់ព័ន្ធនឹងលំហែមាតុភាព៖ → ទេ
ការហាាមឃាត់ចំពោះកម្មករជាស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូនពីការបំពេញការងារដែលមានគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព៖ → មែន
ការវាយតម្លៃហានិភ័យនៅកន្លែងការងារអំពីសុវត្ថិភាព និងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូន៖ → ទេ
ជំរើសផ្សេងៗសម្រាប់ការងារគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព ដែលផ្តល់ដល់កម្មករមានផ្ទៃពោះ ឬបំបៅដោះកូន៖ → មែន
ពេលវេលាឈប់សម្រាកសម្រាប់ពិនិត្យផ្ទៃពោះ៖ → មែន
ការហាមឃាត់់ទៅលើការតាមដានសម្រាប់កម្មករមានផ្ទៃពោះ៖ → ទេ
ការហាមឃាត់់ទៅលើការតាមដានសម្រាប់កម្មករមានផ្ទៃពោះមុនពេលដំឡើងឋានះ៖ → ទេ
សម្ភារះសម្រាប់ស្រ្តីជាម្តាយមានកូនតូច៖ → មែន
និយោជកផ្តល់សម្ភារះថែទាំកូន៖ → ទេ
និយោជកផ្តល់់ការឧបត្ថម្ភសម្ភារះថែទាំកូន៖ → មែន
ប្រាក់ឧបត្ថម្ភការសិក្សាកូន → ទេ
ច្បាប់ឈប់់សម្រាកភាពជាឪពុក → 7 ថ្ងៃ

បញ្ហាសមភាពយេនឌ័រ

ប្រាក់បៀវត្សស្មើគ្នាចំពោះការងារដែលមានតម្លៃស្មើគ្នា៖ → ទេ
ការរើសអើងនៅកន្លែងធ្វើការ៖ → មែន
_x001D__x001D__x001D__x001B_ឳកាសស្មើគ្នាចំពោះការឡើងឋានះសម្រាប់ស្ត្រី → ទេ
ឳកាសស្មើគ្នាចំពោះការបណ្តុះបណ្តាល និងការបណ្តុះបណ្តាលឡើងវិញសម្រាប់ស្ត្រី៖ → ទេ
មន្រ្តីសហជីពផ្នែកសមភាពយែនឌ័រនៅកន្លែងធ្វើការ៖ → ទេ
លក្ខខណ្ឌស្តីពី​ការបៀតបៀនកេរ៍ខ្មាសនៅកន្លែងធ្វើការ៖ → មែន
លក្ខខណ្ឌស្តីពីអំពើហិង្សារនៅកន្លែងធ្វើការ៖ → មែន
ច្បាប់ឈប់សម្រាកពិសេសសម្រាប់កម្មករនិយោជិតដែលមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ  ឫពីដៃគូជិតស្និទ្ធ → ទេ
ការគាំទ្រលើកម្មករនិយោជិតស្រ្តីពិការ → ទេ
ការត្រួតពិនិត្យសមភាពយេនឌ័រ៖ → 

កិច្ចសន្យាការងារ

ក្នុងអំឡុងរយះពេលជំនុំជម្រះ៖ → 30 ថ្ងៃ
កម្មករនិយោជិតធ្វើការក្រៅម៉ោងដែលមិនបានរាប់បញ្ចូលនៅក្នុងបទប្បញ្ញត្តិ៖ → 
បទប្បញ្ញត្តិអំពីកម្មករនិយោជិតបណ្តោះអាសន្ន៖ → 
កូនជាងដែលមិនបានរាប់បញ្ចូលនៅក្នុងបទប្បញ្ញត្តិ៖ → 
ការងារតិចតួច​ ឫកូនសិស្សដែលមិនបានរាប់បញ្ចូលនៅក្នុងបទប្បញ្ញត្តិ៖ → 

ថិរវេលាធ្វើការ កាលវិភាគ និងថ្ងៃឈប់សម្រាក

ថិរវេលាធ្វើការក្នុងមួយថ្ងៃ៖ → 8.0
ថិរវេលាធ្វើការក្នុងមួយសប្តាហ៍៖ → 48.0
ចំនួនថ្ងៃធ្វើការក្នុងមួយសប្តាហ៍៖ → 6.0
ការឈប់សម្រាកប្រចាំឆ្នាំដែលទទួលបានប្រាក់ឈ្នួល៖ → 18.0 ថ្ងៃ
ការឈប់សម្រាកប្រចាំឆ្នាំដែលទទួលបានប្រាក់ឈ្នួល៖ → 3.0 សប្តាហ៍
អំឡុងពេលឈប់សម្រាកយ៉ាងតិចមួយថ្ងៃក្នុងមួយសប្តាហ៍ដែលបានព្រមព្រៀង៖ → មែន
បទប្បញ្ញត្តិស្តីពីការរៀបចំការងារដែលអាចបត់បែនបាន៖ → 

ប្រាក់ឈ្នួល

ប្រាក់ឈ្នួលកំណត់ដោយមធ្យោបាយនៃមាត្រដ្ឋានប្រាក់ខែ៖ → No
ការកែតម្រូវសម្រាប់ការតម្លើងថ្លៃជីវភាព៖ → 

ការតម្លើងប្រាក់ឈ្នួល៖

ធានារ៉ាប់រងសម្រាប់ការងារពេលយប់ ឫពេលល្ងាច៖

ធានារ៉ាប់រងសម្រាប់ការងារពេលយប់ ឫពេលល្ងាច៖ → 200 % នៃប្រាក់ឈ្នួលគោល
ធានារ៉ាប់រងសម្រាប់ការងារពេលយប់ប៉ុណ្ណោះ៖ → មែន

ប័ណ្ណអាហារ

ប័ណ្ណអាហារដែលបានផ្តល់ឲ្យ៖ → ទេ
ជំនួយផ្នែកច្បាប់ដែលឥតគិតប្រាក់៖ → 
Loading...