បទបញ្ញត្តិស្តីពីការឈប់សំរាកលំហែមាតុភាព

តើអ្នកបានទទួលច្បាប់សម្រាកមាតុភាពគ្រប់គ្រាន់ដែររឺទេកំឡុងពេលអ្នកមានផ្ទៃពោះនៅកន្លែងធ្វើការនៅកម្ពុជា? សូមស្វែងយល់បន្ថែមអំពីច្បាប់ពាក់ព័ន្ធនឹងការសុំច្បាប់សម្រាកមាតុភាពនៅកន្លែងធ្វើការតាមរយះ Prake.org ។​

និយោជកមិនអាចបញ្ឈប់និយោជិក:

  1. ដោយសារគាត់មានផ្ទៃពោះ
  2. ក្នុងពេលដែលគាត់កំពុងឈប់សំរាកលំហែមាតុភាព
  3. មុនពេលគាត់ឈប់សំរាកលំហែមាតុភាព

ស្រ្តីជានិយោជិកមានសិទ្ធិទទួលការសំរាកលំហែមាតុភាពរយៈពេល៩០ថ្ងៃ។ ក្នុងកំឡុងពេល ២ខែដំបូងដែលគាត់ ត្រលប់ទៅធ្វើការវិញ គាត់ត្រូវធ្វើការងារណាដែលស្រាលៗតែប៉ុណ្ណោះ ។ និយោជកត្រូវបានហាមឃាត់ក្នុងការបញ្ឈប់និយោជិកជាស្រ្តីក្នុងពេលដែលនិយោជិកកំពុងសំរាកលំហែមាតុភាព ឬ មុនពេលដែលនិយោជិកសំរាកលំហែមាតុភាព ។

ការផ្តល់ប្រាក់ឈ្នួលក្នុងកំឡុងពេលសំរាកលំហែមាតុភាព

កំឡុងពេលសំរាកលំហែមាតុភាព ស្រ្តីជានិយោជិកត្រូវបានទទួលប្រាក់ឈ្នួលពាក់កណ្តាលនៃប្រាក់ ឈ្នួលរបស់គាត់ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ប្រសិនបើគាត់បានបំរើការងារជូនសហគ្រាសយ៉ាងតិចមួយឆ្នាំ ។ និយោជកគួរគិតការផ្តល់ប្រាក់ឈ្នួលដោយផ្អែកលើ ប្រាក់ឈ្នួលជាមធ្យមរបស់និយោជិកក្នុងរយៈពេល១២ខែមុនពេលសំរាកលំហែមាតុភាព មិនមែនផ្អែកលើប្រាក់ឈ្នួលអប្បបរមា ឬ ប្រាក់ឈ្នួលគោលនោះទេ ។ ឧទាហរណ៍ ៖ សុខាបានធ្វើការក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយអស់រយៈពេល២ឆ្នាំមុននឹងនាងមានផ្ទៃពោះ ។ នាងមានប្រាក់ឈ្នួលគោល៤៥ដុល្លា និង ប្រាក់រង្វាន់អតីតភាពការងារ ៣ដុល្លា ៕ នាងតែងតែទៅធ្វើការទៀងទាត់ ដូច្នេះនាងទទួលបានប្រាក់រង្វាន់ការងារទៀងទាត់ ៥ដុល្លា ។

ប្រាក់ឈ្នួល និង ប្រាក់អត្ថប្រយោជន៍របស់នាងទាំងអស់មាន៦៣០ដុល្លាក្នុងរយៈពេល ១២ខែកន្លងមក ។ដោយសារសុខាបានធ្វើការលើសពីមួយឆ្នាំ នាងទទួលបានការសំរាកលំហែមាតុភាពរយៈពេល៩០ថ្ងៃនិងប្រាក់ឈ្នួលពាក់កណ្តាល ។ ប្រាក់ឈ្នួលនេះត្រូវបានគិតដូចខាងក្រោម ៖

=(៦៣៦ដុល្លា (ប្រាក់ឈ្នួល និង ប្រាក់់អត្ថប្រយោជន៍ រយៈពេល១២ខែកន្លងមក))/(១២(ខែ)) = ៥៣ ដុល្លាក្នុងមួយខែ

បន្ទាប់មកនិយោជកត្រូវគុណទឹកប្រាក់ប្រចាំខែនឹង៥០%៕ដូច្នេះនិយោជកត្រូវផ្តល់ ប្រាក់ឈ្នួលអោយ សុខា២៦, ៥០ ដុល្លា សំរាប់រៀងរាល់ខែដែលនាងកំពុងសំរាកលំហែមាតុភាព ។

ការសំរាកបំបៅកូន

រយៈពេលមួយឆ្នាំចាប់ពីទារកកើត ស្រ្តីជាម្តាយត្រូវបានអនុញ្ញាតិអោយបំបៅកូនរយៈពេលមួយម៉ោងក្នុងអំឡុងពេលធ្វើការ ។ ម៉ោងបំបៅកូននេះត្រូវបានបែងចែកជាពីរវេនហើយវេននិមួយៗ មាន៣០នាទី។ វេនទីមួយនៅពេលព្រឹក វេនទីពីរនៅពេលរសៀល ។ ពេលវេលាច្បាស់លាស់ សំរាប់បំបៅកូនត្រូវមានការព្រមព្រៀងរវាងស្រ្តីជាម្តាយ និង និយោជក។ ការសំរាកបំបៅកូន ត្រូវបានញែកដាច់ពីការសំរាកធម្មតា ហើយមិនត្រូវដកចេញពីការសំរាកធម្មតាទេ ។

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!